រាជធានីភ្នំពេញ៖ សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០លានដុល្លារ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែនេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករគ្រប់ប្រភេទ បានចំនួន ៤៦០,១៦៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៤៧លានដុល្លារ ទៅលើគោលដៅទីផ្សារចំនួន ៥៥ប្រទេស និងតំបន់ស្វយ័តដែលក្នុងនោះ ទីផ្សារចម្បងមានចំនួន៥ គ្របដណ្តប់ ៧៩.០៣% លើបរិមាណ អង្ករនាំចេញសរុបរួមមាន៖ ១៖ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន៤៩.៨០% ស្មើនឹង ២២៩,១៧៧ តោន, ២៖ ប្រទេសបារាំង១១.០៧% ស្មើនឹង ៥០,៩៥១ តោន, ៣៖ ប្រទេសហ្កាប៊ុង ៧.៩៥% ស្មើនឹង ៣៦,៥៨៨ តោន, ៤៖ ប្រទេសម៉ាឡេស៊ី ៦.៦៦% ស្មើនឹង ៣០,៦៥៦ តោន, ទី៥៖ ប្រទេសហូឡង់ ៣.៥៥% ស្មើនឹង ១៦,៣៣៨ តោន។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករនាំចេញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ នេះដែរ ឃើញថាអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៣២៤,៣៦៤តោន ឬ ៧៨.៩៨% នៃការនាំចេញសរុប ដែលក្នុងនោះ (អង្ករក្រអូបប្រណិតមាន ៤១% អង្ករក្រអូបធម្មតាមាន ៣៧.៨៩%) អង្ករសគ្រាប់វែងមាន ២៩.៦៧ % អង្ករចំហុយមាន ១.៩៦ % និងអង្ករសរីរាង្គមាន ១.៤៤%។
ដោយឡែកចំពោះការនាំស្រូវចេញ គឺមានបរិមាណសរុបចំនួន ២,៦៥៩,៦៦០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លានដុល្លារសហរដ្ឋអាមេរិក។ ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២១ មានប្រមាណជា ៩៥៧.៣០លាន ដុល្លារ៕