ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំង ដល់មនុស្សពេញវ័យរហូតនាពេលនេះ បន្តផ្តល់សម្រាប់កុមារាកុមារី ជាពន្លកទំពាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ធ្វើការថ្លែងអំណរគុណ និងអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត រួមដំណើរដោយអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងកុមារាកុមារី ដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា «សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ» ដោយបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន សិស្សានុសិស្សចូលសិក្សារៀនសូត្រឡើងវិញផងដែរ។
ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ចាប់ពីមនុស្សពេញវ័យ វ័យជំទង់ និងដល់កុមារ អាយុ៥ឆ្នាំនាពេលនេះ៕