ប្រមុខរដ្ឋាភិបាលស្នើឱ្យម្ចាស់ភោជនីយដ្ឋាននិងហាងទំនិញនានា យោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ភោជនីយដ្ឋាននិងហាងទំនិញនានា មានការយោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ននេះហាងអាហារនិងហាងទំនិញនានា ចាប់ផ្តើមមានមនុស្សចូលពេញហាង។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ភោជនីយដ្ឋាននិងហាងទំនិញនានា មានការយោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ននេះហាងអាហារនិងហាងទំនិញនានា ចាប់ផ្តើមមានមនុស្សចូលពេញហាង។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលខាងមុខម្ចាស់ហាងត្រូវតែទាមទារឱ្យអថិតិជន បង្ហាញកាតចាក់វ៉ាក់សាំងជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលក្នុងហាង។ហេតុនេះពលរដ្ឋខ្មែរទាំងអស់ដែល បានចាក់វ៉ាក់សាំងរួចរាល់ត្រូវតែយកកាតចាក់វ៉ាក់សាំងតាមខ្លួនជានិច្ច។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងគ្រាដែលសម្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ឥលូវបបួលគ្នាមើល អាឌីស្កូតែកឱ្យបើកឫអត់ KTV ឱ្យបើកឫអត់? បៀរហ្កាដិនឱ្យបើកឫអត់? បើកបានបើកទៅ ប៉ុន្តែអ្វីឱ្យត្រូវពិនិត្យឱ្យម្ចាស់ហាងទាំងអស់ សួររកកាតវ៉ាក់សាំង ប៉ុន្តែក្នុងរយៈពេលនេះកាតវ៉ាក់សាំងយើងធ្វើអត់ទាន់ ចឹងក៏ត្រូវមានការយោគយល់ ត្រូវមានការយោគយល់ដែរ ម្ចាស់ហាងលក់ទំនិញស្អីៗ ប៉ុន្តែដល់ប៉ុន្មានខែក្រោយ ហើយយើងកំណត់តែម្តង អត់មានកាតវ៉ាក់សាំង គឺយើងមិនឱ្យចូលទេ ចឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺ បានសេចក្តីថា អ្នកឯងសូម្បីតែចូលស៊ី ក៏គេមិនឱ្យស៊ីផង ចឹងទៅណាត្រូវដាក់កាតវ៉ាក់សាំងទៅជាមួយ ហើយកាត់វ៉ាក់សាំងរបស់យើង មានតម្លៃទាំងកក្នុងប្រទេស និងទាំងក្រៅប្រទេស ធ្វើទាំងភាសាខ្មែរផង និងភាសាអង់គ្លេសផង»។

សម្តេចតេជោក៏បានថ្លែងដែរថា កម្ពុជានឹងបន្តចាក់ដូសទី៤ បើស្ថានភាពតម្រូវឱ្យចាក់ហើយកម្ពុជានឹងត្រៀមខ្លួន។

គួរជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រេចបានមាន១០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំមាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់៕

Leave a Reply