សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាឱ្យមន្ដ្រីជំនាញរបស់កម្ពុជា សហការជាមួយភាគីថៃ បញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីជាផ្នែកមួយជួយការពារសុខុមាលភាពប្រជាពលរដ្ឋនៅក្រៅប្រទេស។
សម្ដេចតេជោមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញាធរថៃ ជួយយកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅទីនោះ។ ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។
សម្តេចបានបន្ថែមទៀតថា “ពិតហើយឥឡូវនេះចំនួនពលរដ្ឋប្រជាជននៅក្នុងប្រទេសថៃបានចាក់វ៉ាក់សាំងច្រើនណាស់ទៅហើយ ក៏ប៉ុន្តែសម្រាប់យើងក្នុងតួលេខជំរឿនរបស់យើងប្រជាពលរដ្ឋរបស់យើងមានរហូតទៅដល់ ១៦លាន៩សែននាក់។ ហើយប្រសិនបើក្នុងវេបសាយWorldometersគឺបានដាក់ថា កម្ពុជាមានប្រជាជនរហូតដល់១៧លាននាក់ឯណោះ អ៊ីចឹងសួរថាក្រៅពី១៦លាននាក់នៃប្រជាជន ចុះប្រមាណទៀត នៅឯណា អ៊ីចឹងបានសេចក្ដីថាយើងនៅសល់៩សែនឬ១លាននាក់ទៀត ដែលកំពុងនៅព្រះរាជាណាចក្រថៃ កូរ៉េខាងត្បូង ម៉ាឡេ និងនៅបណ្តាប្រទេសដទៃទៀត។ កងទ័ពរបស់យើងដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅឯក្រៅប្រទេសក៏បានចាក់វ៉ាក់សាំងរួចរាល់ ខ្លះចាក់វ៉ាក់សំាងក្នុងប្រទេសហើយ ទើបបញ្ជូន ចេញ ហើយខ្លះក៏នៅទីនោះដែល មិនទាន់ប្តូរវេន ក៏បានទទួលវ៉ាក់សាំងរួចស្រេចហើយដែរ។ប៉ុន្តែយើងនៅតែបន្តការងារថែមទៀត យើងត្រូវតែធ្វើការចាំបាច់ជាមួយភាគីថៃ ដែលយើងមិនអាចបញ្ជូន គ្រូពេទ្យរបស់យើងទៅចាកនៅក្នុងប្រទេសថៃបាននោះទេ។ ប៉ុន្តែតាមព័ត៌មានមានទំនាក់ទំនងគ្នាខ្លះៗហើយដែរ គឺយើងចង់ជូនវ៉ាក់សាំងជូនទៅដល់ភាគីថៃជួយគ្រប់គ្រងដឹកជញ្ជូន និងជួយចាក់ជូនពលករយើងក្នុងប្រទេសថៃ ក៏ប៉ុន្តែការធ្វើបែបនេះទៅបាន លុះត្រាតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃទើបយើងអាចធ្វើទៅបាន។ យើងមិនបានភ្លេចទៅដល់ពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃនោះទេ ប៉ុន្តែបានឬមិនបានយ៉ាងណានោះ ក៏សុំឱ្យបងប្អូនដែលជាពលករនៅក្នុងប្រទេសថៃមានការយោគយល់ ព្រោះប្រសិននៅក្នុងទឹកដីរបស់យើង គឺអ្នកដែលស្ម័គ្រចិត្តចាក់ គឺត្រូវតែបានចាក់ទាំងអស់៕”