អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាចិត្តរៀបចំតំបន់ទេសចរណ៍ដែលត្រូវបានគេបោះបង់ចោល ឱ្យក្លាយជាតំបន់ទេសចរណ៍សក្ដានុពល។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ តាមបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវថា «កន្លែងបោះបង់ចោល ខ្ញុំនឹងរៀបចំដោយផ្ទាល់ដៃ ថែរក្សាសម្បត្តិធម្មជាតិ សម្បត្តិសាធារណៈឱ្យក្លាយជាទីកន្លែងទេសចរណ៍ធម្មជាតិស្រស់បំព្រងសម្រាប់ទុកឱ្យកូនចៅ ជំនាន់ក្រោយថែរក្សាបន្ត ជាសម្បត្តិរដ្ឋ បម្រើប្រយោជន៍រួម»។ នេះជាការលើកឡើងរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើទំព័រហ្វេសប៊ុកក្រោយលោកស្រី និងក្រុមការងារចុះពិនិត្យនៅតំបន់ភ្នំខៀវ កាលពីថ្ងៃទី១០ តុលា។
អភិបាលខេត្តប៉ៃលិន បានបន្តថា នៅមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលទេសចរមិនទាន់ស្គាល់ និងទៅដល់ ខណៈទឹកជ្រោះ និងតំបន់ធម្មជាតិមួយចំនួនគួរជាទីទាក់ទាញ។ តាមរយៈតួនាទីជាអភិបាលខេត្ត លោកស្រី បាន ស្រីមុំ មើលឃើញពីសក្ដានុពលទេសចរណ៍ក្នុងខេត្តនេះ ដោយបន្តអភិវឌ្ឍជីកកកាយតំបន់ទេសចរណ៍អាថ៌កំបាំងដែលជាផ្នែកមួយផ្ដល់ចំណូលដល់ពលរដ្ឋ។
លោកជំទាវ បាន ស្រីមុំ បច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងរៀបចំតំបន់ទេសចរណ៍ភ្នំខៀវ ដោយបានធ្វើផ្លូវបេតុង ដាំផ្កាលម្អ និងរៀបចំកន្លែងថតរូប ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរណ៍។ ក្រៅពីសម្រស់ទឹកធ្លាក់ និងធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ ក៏មានសត្វស្លាបច្រើនប្រភេទ រួមទាំងសត្វស្វា ដែលផ្ដល់ជាទស្សនីយភាពសម្រាប់ភ្ញៀវទេសចរទស្សនាផងដែរ។ ក្រោយរៀបចំជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ លោកជំទាវ បាន ស្រីមុំ សង្ឃឹមថាតំបន់នេះ នឹងក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។
លោកជំទាវ បាន ស្រីមុំ បញ្ជាក់បែបនេះ៖ «ខ្ញុំ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយដល់វិស័យទេសចរណ៍ និងធ្វើឱ្យពលរដ្ឋក្នុងតំបន់មានប្រាក់ចំណូល។ ជាពិសេសធ្វើឱ្យមានភាពរីកចម្រើនគ្រប់វិស័យ»។
ទន្ទឹមនឹងការរៀបចំតំបន់ទេសចរណ៍ឱ្យមានភាពល្បីល្បាញ លោកជំទាវ បាន ស្រីមុំ នឹងបន្តពង្រឹងផ្នែកសេវាកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន ផ្ទះស្នាក់ សណ្ឋាគារ និងរីសត ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តប៉ៃលិន។ អភិបាលខេត្តរូបនេះ រៀបរាប់យ៉ាងដូច្នេះ៖ «សម្រាប់ប៉ៃលិន នាពេលបច្ចុប្បន្នមានភោជនីយដ្ឋាន ផ្ទះស្នាក់ និងសណ្ឋាគារល្អៗច្រើន បើធៀបនឹងខេត្តមួយចំនួន ដែលខ្ញុំបានទៅដល់។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំ នឹងខិតខំប្រឹងប្រែងទៅមុខទៀត ដើម្បីឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ»។
ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ បានអំពាវនាវដល់វិនិយោគិននានា គួរមកអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តប៉ៃលិន ដែលជាតំបន់សក្ដានុពលមួយ។ លោកស្រី បាន ស្រីមុំ ក៏សំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមសម្អាតទាំងអស់គ្នា ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងតំបន់ទេសចរណ៍។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរចំនួន ២៥២៩នាក់ប៉ុណ្ណោះ ដោយសារស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តមិនទាន់ធូរស្រាល៕