អាជ្ញាធរ​ខេត្តកំពត បើក​ទ្វារ​រំដោះ​ទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ចៀសវាង​ទឹក​ជន់​ខ្លាំង

ក្រោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្តកំពត នៅ​ម៉ោង​១១៖០០​ព្រឹក ថ្ងៃទី​១១ ខែតុលា​នេះ បាន​បើក​បង្ហូរទឹក​សន្សឹមៗ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ខណៈ​ទឹក​កើន​ឡើងដល់​កម្រិត​រំដោះ​ត្រូវ​ចេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត​។

ភ្នំពេញ​៖ ក្រោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្តកំពត នៅ​ម៉ោង​១១៖០០​ព្រឹក ថ្ងៃទី​១១ ខែតុលា​នេះ បាន​បើក​បង្ហូរទឹក​សន្សឹមៗ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ខណៈ​ទឹក​កើន​ឡើងដល់​កម្រិត​រំដោះ​ត្រូវ​ចេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត​។

នៅ​ថ្ងៃទី​១១ ខែតុលា​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត បានចេញ​សេចក្តីជូនដំណឹង​ស្ដីពី​ការបើក​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដើម្បី​រំដោះ​ទឹក​ចេញ បន្ទាប់ពី​មាន​ភ្លៀង​ពីរ​បី​ថ្ងៃ​ជាប់​គ្នា​។ បើតាម​សេចក្ដីជូនដំណឹង​ខាងលើ ស្ថានភាព​ក្នុង​អាង​ស្ដុក​ទឹក​ទំនប់​វា​រី​អគ្គិសនី​កំចាយ មានការ​កើនឡើង តម្រូវឱ្យ​ក្រុមបច្ចេកទេស បើក​ទំនប់​បង្ហូរទឹក​ចេញ​នៅ​ម៉ោង ១១៖០០​ព្រឹក​នេះ​។​

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្តកំពត ​ថា​៖ «​ក្រុមបច្ចេកទេស បាន​បើកទឹក​បង្ហូរ​សន្សឹមៗ​សិន ដើម្បី​កុំឱ្យ​ជន់​ខ្លាំង​។  បច្ចុប្បន្ននេះ ទឹក​ឡើងដល់​កម្រិត​១៤៨​សង់ទីម៉ែត្រ ដែលជា​កម្រិត​ប្រកាសអាសន្ន​។ បើ​មើល​តាម​ធម្មតា​មិនទាន់​ជន់​ខ្លាំង​ទេ តែ​ត្រូវតែ​រំដោះ​ចេញ​ខ្លះ ដើម្បីឱ្យ​ទឹក​មាន​កម្រិត​ស្មើ​ដូច​ធម្មតា និង​ជាការ​ជូនដំណឹង​ដល់​ពលរដ្ឋ​ក្នុង​តំបន់ រួមជាមួយ​ទេសចរ ដែល​ទៅ​កម្សាន្ដ​នៅ​តំបន់​នោះបាន​ត្រៀម​ជាមុន​»​។ 

ទន្ទឹមនឹងនេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត និង​រដ្ឋបាល​ខេត្តកំពត បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន និង​រៀបចំ​ការពារ​ខ្លួន​ទឹកជា​មុន ទាក់ទង​ការបញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​។

គួរបញ្ជាក់ថា ទំនប់​វារីអគ្គិសនីកំចាយ មានទីតាំងស្ថិតនៅស្ទឹងកំចាយ  ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត៕ 

Leave a Reply